Wednesday, May 13, 2020

CDC ចុះបញ្ជីឲ្យរោងចក្រ កាត់ដេរសម្លៀកបំពាក់ មួយវិនិយោគក្រោម ទុនជាង១៤លានដុល្លារអាមេរិក និងបង្កើតការងារ ជិត៦០០កន្លែង

ភ្នំពេញ៖ តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់របស់ក្រុមហ៊ុន HONG FENG KNITTING CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនខាងលើដែល មានទីតាំងវិនិយោគស្ថិតនៅភូមិបន្ទាយតូច ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១៤,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ៥៨៦កន្លែង ៕

រោងចក្រមួយ នៅសង្កាត់ស្ទឹងមានជ័យ ព្យួរការងារកម្មករ ហើយថៅកែ លួចបិទរោងចក្រគេចខ្លួនបាត់

ភ្នំពេញ៖កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅរោងចក្រ ឡាក់ឃីលីស៊ាន់ឡុង ហ្គាមេន ខូអិលធីឌីដែលមានទីតាំងនៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានព្យួរការងារកម្មករ ហើយថៅកែរលួចបិទរោងចក្រ និងគេចខ្លួនរត់ចោលរោងចក្រ ព្រមទាំងលួចដឹកឧបករណ៍ និងសម្ភារចេញពីរោងចក្រដោយមិនទាន់មានសំណងជូនកម្មករ ក្នុងកំឡុងពេលនៃការព្យួរការងារ។នេះបើយោងតាមគេហទំព័រហ្វសប៊ុក របស់សម្ព័ន្ធសហជីពប្រជាធិបតេយ្ យកម្មករកាត់ដេរកម្ពុជា (CCAWDU ស៊ីខៅឌូ)៕

កូរ៉េខាងជើង រំពឹងធ្វើតេស្តមីស៊ីល បាញ់ចេញ ពីនាវាមុជទឹកថ្មី

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមកាសែតកូរ៉េខាងត្បូងមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចនឹងដាក់ពង្រាយ តេស្តមីស៊ីលផ្លោង បាញ់ចេញពីនាវាមុជទឹកថ្មី ក្នុងពេលឆាប់ៗនេះ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងចាប់ផ្តើមធ្វើការបាញ់តេស្តសាកល្បងមីស៊ីលបាញ់ ចេញពីនាវាមុជទឹក នៅក្នុងពិធីគម្រប់ខួបនាពេល ខាងមុខនេះ គឺនៅក្នុងខែកញ្ញា ឬក៏ក្នុងខែតុលា នេះបើតាមសេចក្តីរាយការណ៍ ពីកាសែតកូរ៉េខាងត្បូង News លើកឡើងពីប្រភព ការទូតកូរ៉េខាងត្បូង។ ចំណែកទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ជាតិរបស់ទីក្រុងសេអ៊ូល បានធ្វើការបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្តបានធ្វើតេស្តបាញ់ សាកល្បងក្រោមដី នូវមីស៊ីលបាញ់ចេញពីនាវាមុជទឹក នៅកន្លែងធ្វើនាវា Sinpo Shipyard កាលពីថ្ងៃពុធសប្ដាហ៍មុន៕ប្រែសម្រួល៖ប៉ាង កុង

Monday, May 11, 2020

បច្ចុប្បន្នភាព បណ្តាប្រទេសសមាជិក អាស៊ានទាំង១០ បានរងគ្រោះ ដោយសារវីរុស COVID-19

ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៥៦,២៨៤នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ១៤,៩៧៨នាក់ អ្នកស្លាប់សរុបចំនួន៖ ១,៧១២នាក់។

មេដឹកនាំកំពូលចិន ផ្ញេីសារឆ្លេីយតបលោក គីម ជុងអ៊ុន ដោយប្ដេជ្ញាពង្រឹង ទំនាក់ទំនងទ្វេភាគី

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ ក្រុងព្យុងយ៉ាងបាន រាយការណ៍ថាប្រធានាធិបតី ចិនលោក ស៊ី ជីនពីង បានផ្ញើសារទៅមេដឹកនាំកូរ៉េខាង ជើងលោកគីម ជុងអ៊ុន ដោយប្តេជ្ញាថានឹង ជំរុញការឈានទៅមុខ និងការអភិវឌ្ឍឥតឈប់ ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង បានចុះផ្សាយថា“ សារសំដី” របស់លោកស៊ី បានឆ្លើយតបទៅនឹងសារមួយ ដែលលោកគីម បានផ្ញើកាលពីសប្តាហ៍មុន ដើម្បីអបអរសាទរ និងកោតសរសើរប្រទេសចិន ចំពោះការទប់ស្កាត់ការឆ្លងវីរុសថ្មីនេះដោយជោគជ័យ។ ភ្នាក់ងារព័ត៌មានកណ្ដាលកូរ៉េ KCNA បានដកស្រង់សម្តីលោកស៊ី ដែលបានលេីកឡេីងថាសាររបស់លោកគីម បានបង្ហាញនូវអារម្មណ៍ដ៏ជ្រាលជ្រៅដែលកូរ៉េខាងជើង មានចំពោះប្រទេសចិន និងបានបង្ហាញនូវគ្រឹះរឹងមាំនៃមិត្តភាពចិន – កូរ៉េខាងជើង និងភាពរឹងមាំយ៉ាងខ្លាំង៕

ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ ពីប្រទេសចិន មកកាន់មាតុប្រទេសវិញហើយ

ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុនៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០បាន យាងនិវត្តន៍ពីទីក្រុងប៉េកាំង ប្រទេសចិន មកកាន់ប្រទេសកម្ពុជាវិញហើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូបបានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណា និងសម្តេចម៉ែ ផងដែរ។ សូមរំលឹកថាកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព៕

ក្រសួងធនធានទឹក ប្រកាសថា រដូវវស្សា នឹងចូលមកដល់ នៅថ្ងៃទី១៥ ឧសភា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមរយៈការតាមដាន ស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលង នៃសម្ពាធទាបបង្កើនឥទ្ធិពល មកលើភាគពាយ័ព្យ និងខាងជើងកម្ពុជា។ នៅថ្ងៃទី១៥ ខែឧសភា របបខ្យល់មូសុងនិរតីបក់មកលើកម្ពុជា ជាមួយនឹងការចាប់ផ្តើមមកដល់នូវរដូវវស្សា ។ សូមអានសេចក្តី ជូនដំណឹងរបស់ក្រសូងធនធានទឹក និងឧតុនិយម ដូចខាងក្រោម

រដ្ឋមន្រ្តីសុខាភិបាល អះអាងថា អ្នកជំងឺកូវីដ១៩ ដែលនៅសល់ពីរនាក់ ចុងក្រោយនោះ មានសុខភាពល្អ, នឹងជាសះស្បើយឆាប់ៗនេះ

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអះអាងថា អ្នកជំងឺកូវីដ១៩ ដែលនៅសល់ ចំនួនពីរនាក់ចុងក្រោយគេ ដោយបច្ចុប្បន្នពួកគេទាំងពីរ ត្រូវបានផ្ទេរពីមន្ទីរពេទ្យថ្នាក់ខេត្ត ឲ្យមកសម្រាកព្យាបាល នៅមនន្ទីរពេទ្យខ្មែរ-សូវៀត នៅរាជធានីភ្នំពេញវិញនោះ រហូតមកដល់ពេលនេះ ពួកគេមានសុខភាពល្អ ហើយពួកគេ នឹងឆាប់បានជាសះស្បើយ ចេញពីមន្ទីរពេទ្យ ក្នុងពេលឆាប់ៗនេះ ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី“បច្ចុប្បន្នភាព ជំងឺកូវីដ១៩” នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោកម៉ម ប៊ុនហេង បានថ្លែងថា “ខ្ញុំព្រួយបារម្ភអំពីសុខភាពទាំងពីរនាក់នេះ ដូច្នេះខ្ញុំបានណែនាំឲ្យប្រធានមន្ទីរសុខាភិបាលខេត្ត បន្ទាយមានជ័យនិងកំពង់ឆ្នាំង បញ្ជូនអ្នកជំងឺពីរនាក់នេះ មកកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត មិនមែនបានសេចក្ដីថា នៅខាងនោះគេធ្វើអត់កើតទេ ប៉ុន្តែមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត គឺជាមន្ទីរពេទ្យមួយ ដែលមានអ្នកឯកទេសច្រើន ដូច្នេះគេអាចពិគ្រោះ គេអាចផ្ដល់យោបល់គ្នា ដើម្បីធ្វើការថែទាំសុខភាពជូនគាត់ ឲ្យបានឆាប់ជារហ័ស ឥឡូវឃើញថាសុខភាពគាត់ថ្ងៃនេះល្អ ហើយសង្ឃឹមថានឹងអាច ជាសះស្បើយនឹងចេញពីមន្ទីរពេទ្យ ក្នុងពេលថ្ងៃមុខនេះ”។ លោកបញ្ជាក់ថា មូលហេតុដែលពួកគេទាំងពីរនាក់នោះ ព្យាបាលយូជាងគេ គឺដោយសារពួកគេទាំងពីរ មានជំងឺប្រចាំកាយ(ម្នាក់មានជំងឺទឹកនោមផ្អែមនិងម្នាក់ទៀតមានជំងឺផ្លូវចិត្ត) ដោយក្រុមគ្រូពេទ្យត្រូវធ្វើការតាមដាន ប្រើប្រាស់រយៈពេលយូរ ដោយជាក់ស្ដែងមិនមែនតែព្យាបាលជំងឺកូវីដ១៩តែមួយមុខ នោះទេ ត្រូវព្យាបាលជំងឺប្រចាំកាយរបស់ពួកគេផងដែរ។ ទាក់ទងជាមួយពលករខ្មែរ នៅប្រទេសម៉ាឡេស៊ី ចង់ត្រឡប់មកកម្ពុជាវិញនោះ ក្នុងស្ថានភាពនេះ លោកបញ្ជាក់ថា មិនទាន់អនុញ្ញាតឲ្យពួកគេមកវិញឡើយ ដោយលើកទឹកចិត្តឲ្យពួកគេ បន្តស្នាក់នៅទីនោះសិន។ លោកបន្ថែមថា “នេះជារឿងរបស់គាត់ទេ មកឬមិនមកជារឿងរបស់គាត់ ព្រោះយើងបានគោលការណ៍ ពីរាជរដ្ឋភិបាលរួចមកហើយ ពលរដ្ឋខ្មែរត្រូវមាន តែមានវិញ្ញាបនប័ត្រ បញ្ជាក់ថា គ្មានផ្ទុកមេរោគកូវីដ១៩ បានអនុញ្ញាតឲ្យមក ប្រទេសកម្ពុជាវិញ បន្ទាប់មកទៀតពេលគាត់មកដល់ភ្នំពេញហើយ យើងត្រូវឆែកទៀត ដោយអោយគាត់ធ្វើ ចត្តាឡឺស័ក ចំនួន១៤ថ្ងៃទៀត នៅសាលាជម្ពូរវ័ន ហើយពេលគាត់ត្រឡប់ទៅផ្ទះវិញ ត្រូវបន្តដាក់ខ្លួនអោយ នៅដាច់ដោយឡែកចំនួន១៤ថ្ងៃបន្ថែមទៀត ព្រោះប្រទេសម៉ាឡេស៊ី គឺជាកន្លែងមួយដែលមានហានិភ័យខ្ពស់ ដូច្នេះគាត់អត់មកវាជារឿងល្អហើយ តែបើគាត់មកក៏ត្រូវតែបំពេញកាតព្វកិច្ចនេះជាដាច់ខាត”។ ទាក់ទងជាមួយបញ្ហានេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋពលករ ពលការិនី សិស្ស និស្សិតកម្ពុជា ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបន្តអនុវត្តតាមការណែនាំនានារបស់អាជ្ញាធរប្រទេសម្ចាស់ផ្ទះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន រហូតដល់មានការជូនដំណឹងជាថ្មីពីស្ថានទូត។ ក្នុងឱកាសនោះលោករដ្ឋមន្រ្តី អំពាវនាវ ដល់ប្រជាពលរដ្ឋ កុំឲ្យចូលពិសាអាហារតាមភោជនីយដ្ឋាន អាហារដ្ឋានណា ដែលគ្មានអនាម័យគ្រប់គ្រាន់ ដែលមិនបានគោរពតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។ លោកបន្តថា “រៀបចំភោជនីយដ្ឋាន ដើម្បីធ្វើយ៉ាងម៉េច ឲ្យកន្លែងអង្គុយឆ្ងាយ កុំឲ្យនៅជិតគ្នា នេះជាសេចក្ដីណែនាំ ប៉ុន្តែខ្ញុំលើកទឹកចិត្តបងប្អូនណា ដែលទៅទទួលទាននេះ បើឃើញកន្លែងហ្នឹងមិនស្អាត មិនគ្រប់គ្រាន់ កុំទៅហូប កាលណាយើងឃើញថា បើគ្មានអនាម័យ គ្មានអីត្រឹមត្រូវ កុំទៅហូប មិនទៅទទួលទានវាងាប់ខ្លួនវា ពីព្រោះលក់មិនដាច់ យើងត្រូវប្រុងប្រយ័ត្នខ្លួនយើង ព្រោះសុខភាព សុខភាពខ្លួនយើង”។ ទាក់ទងជាមួយការរៀបចំអាពាហ៍ពិពាហ៍លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា កុំទាន់អាលប្រារព្ធធ្វើសិនគឺជាការល្អ។ លោកស្រីបន្ថែមថា “ប្រសិនបើយើងប្រកបការរស់នៅរបស់យើង រាល់ថ្ងៃនេះ យើងត្រូវបោះជំហ៊ាន របស់យើងហ្នឹងឲ្យត្រូវ បើមិនត្រូវទេជំពុបជើងដួល បើមិនត្រូវទេប៉ះទៅហ្នឹងវីរុសដែលអាចបង្ករឲ្យមានរលកទីពីរ កើតមានឡើង ចឹងកន្លែងនេះខ្ញុំសូមបញ្ជាក់ជូនថា ការៀបអាពាហ៍ពិពាហ៍ ក្ដីការប្រារព្ធនូវពិធីអីផ្សេងៗក្ដី ប្រសិនបើអាចពន្យាពេលបានជាការល្អប្រសើរមែនទែន ដោយសារយើងទុករយៈពេលប្រហែលជាពីរបីខែទៀត យើងតាមមើលស្ថានភាពនៅសកលលោកពីព្រោះឥឡូវ ប្រទេសមួយចំនួនក៏មានការថយចុះហើយ តែប្រទេសមួយចំនួនធំទៀតនៅតែបន្តឡើង”។ ចំណែកលោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា(WHO)បានអះអាងថា ការផ្ទុះរាតត្បាតជាសកលនៃជំងឺកូវីដ១៩ នៅមិនទាន់ចប់នៅឡើយទេ ខណៈប្រទេសមួយចំនួនធំនៅលើពិភពលោក នៅតែមានការកើនឡើងនូវជំងឺកូវីដ១៩នេះ ហើយកម្ពុជា នៅតែប្រឈមជាមួយការឆ្លងដដែល។ លោកស្រីបន្ថែមថា “ដូចដែលឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍អប្បាញ់មិញហើយថា ការរាតត្បាត ជាសកលនៃជំងឺកូវីដ១៩នេះ គឺមិនទាន់ចប់នៅឡើយទេ ដរាបណានៅមានករណីថ្មីៗដែលបានរីកឡើង នៅក្នុងប្រទេសផ្សេងៗនិងតំបន់ផ្សេងៗ នៅក្នុងពិភពលោក ហើយបញ្ហានេះ គឺនៅតែជាបញ្ហាប្រឈម សម្រាប់ប្រទេសកម្ពុជាដដែល”។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានទទួលថវិការពីសប្បុរសជន បានចំនួន១៤លានដុល្លារ ដើម្បីប្រតិបត្តិការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ហើយបច្ចុប្បបន្នក្រសួង បានប្រើប្រាស់ថវិកា អស់ប្រមាណជាង៧លានដុល្លារ ដើម្បីទិញសម្ភារនានា ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩នេះ ផងដែរ៕ ដោយ៖ធី លីថូ

ទូតអាល្លឺម៉ង់ ចាត់ទុកជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក កឹម សុខា គឺជារឿងវិជ្ជមាន

ភ្នំពេញ៖ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជា បានបង្ហាញនូវជំនឿថា ជំនួបរវាងឥស្សរជនខ្មែរ ពីររូប គឺរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិង លោកកឹម សុខា អតីតមេបក្សប្រឆាំងនៅថ្ងៃទី៥ ខែឧសភា គឺជារឿងវិជ្ជមាន។ យោងតាម គេហទំព័រហ្វេសប៊ុក របស់លោក មុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា បានឲ្យដឹងថាក្នុងជំនួប ជាមួយលោក លោក កឹមសុខា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសាទរចំពោះជំនួប រវាងឥស្សរជនខ្មែរទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោក កឹម សុខា នៅថ្ងៃទី៥ ខែឧសភា។ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវការគាំទ្រ ចំពោះការជួបនេះ ដោយចាត់ទុកថាជារឿងវិជ្ជមាន។ ក្នុងជំនួបនេះ លោក កឹម សុខា និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នា អំពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងស្ថានភាពកូវីដ-១៩ និងអំពីស្ថានភាពអនាគតទៀត។ សូមរំលឹកថា កាលពីរសៀលថ្ងៃទ៥ ខែឧសភា ឆ្នាំ២០២០លោក កឹម សុខា និងសហការី បានចូលរួមគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាមាតាបង្កើត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅគេហដ្ឋាន សម្តេចតេជោក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ៕

លោក កឹម សុខា នឹងទទួលជួបជាមួយ បណ្ដាអង្គទូត នៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ សំខាន់ៗមួយចំនួន ជាបន្តបន្ទាប់

ភ្នំពេញ៖ លោក កឹម សុខា អតីតមេបក្សប្រឆាំង បានចេញមុខអះអាងថា លោក នឹងទទួលជួបជាមួយនឹង ឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសកាន់ លទ្ធិប្រជាធិបតេយ្យសំខាន់ៗមួយចំនួនជាបន្តបន្ទាប់។ លោក កឹម សុខា បានសរសរនៅលើ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ នេះថា «ក្នុងសប្តាហ៍នេះ លោកនឹងទទួលជួបជាមួយនឹង ឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសកាន់ លទ្ធិប្រជាធិបតេយ្យសំខាន់ៗមួយចំនួន ដែលមានស្ថានទូតនៅភ្នំពេញ ដោយផ្ទាល់នៅគេហដ្ឋានរបស់ខ្ញុំ ជាបន្តបន្ទាប់»។ លោកបន្តថា ដោយឡែកឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសជាមិត្តប្រចាំព្រះរាជាណាចក្រកម្ពុជា មួយចំនួនទៀត ដែលមិនមានទីតាំងស្ថានទូតនៅក្នុងទឹកដីកម្ពុជា ស្របពេលមានជម្ងឺកូវីដ១៩ មិនអាចមកជួបខ្ញុំផ្ទាល់បាន ក៏បានផ្ញើសារ និងទំនាក់ទំនងតាមបណ្តាញសង្គមមកសួរសុខទុក្ខខ្ញុំផងដែរ។ សូមរំលឹកផងដែរថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងជំនួបជាមួយលោកកឹមសុខា លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជា បានសាទរចំពោះជំនួប រវាងឥស្សរជនខ្មែរទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោក កឹម សុខា ។ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវការគាំទ្រ ចំពោះការជួបនេះ ដោយចាត់ទុកថាជារឿងវិជ្ជមាន៕ដោយ៖ បាន ធារ៉ូ

លោក សុខ ឥសាន៖ ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក កឹម សុខា មិនមែនជារឿងនយោបាយ

ភ្នំពេញ៖ ទាក់ទិននឹងជំនួបទ្វេភាគី រវាងលោកកឹម សុខាអតីតមេបក្សប្រឆាំង ជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកាលពេលកន្លងមកនេះ មិនមែនជារឿងនយោបាយ និងមិនអាចឈាន ទៅដល់ការដោះលែង ឬមួយលុបចោល ការអនុវត្តច្បាប់ចំពោះលោក កឹម សុខានោះទេ ។ នេះបើតាមការបញ្ជាក់ ពីលោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា។ លោកសុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែឧសភានេះ តាមទូរស័ព្ទថា ការជួបគ្នារវាងសម្តេច តេជោ ហ៊ុន សែន ជាមួយលោក កឹម សុខា គឺមិនមែន ជារឿងនយោបាយនោះទេ គឺគ្រាន់តែជាមនោសញ្ចេតនា ដែលលោកកឹម សុខា អញ្ជើញទៅ គោរពវិញ្ញាណក្ខ័ន្ធឧបាសិកា ដែលជាម្តាយក្មេក សម្តេចតេជោ ហ៊ុន សែន ។ លោកបញ្ជាក់ថា៖ «យើងឃើញថា ពិធីបានបញ្ចប់៣ ឬ៤ថ្ងៃហើយគ្មានប្រែប្រួលនោះទេ តែវាគ្រាន់តែបង្ហាញ ពីមនោសញ្ចេតនា ក្នុងការរួមចំណែកមរណទុក្ខ ប៉ុណ្ណោះទេ»។ យ៉ាងណាក្តី អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានអះអាងការជួបគ្នា រវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខាក៏ជាការល្អ ព្រោះថាសម្តេចតេជោ មិនចាត់ទុកលោកកឹម សុខា ដែលជាមេដឹកនាំ បក្សប្រឆាំងជាខ្មាំងសត្រូវនោះទេ។ ក៏ប៉ុន្តែមិនអាចយកការជួប ដើម្បីដោះលែង ឬមួយលុបចោល ការអនុវត្តផ្លូវច្បាប់នោះទេ។ អ្នកដែលធ្វើខុសច្បាប់ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ដដែល ព្រោះថា យើងបានប្រកាសថា ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋរួចហើយ ។ ឆ្លើយនឹងសំណួរ ថាតើលោកកឹម សុខា អាចនឹងត្រូវបានលើកលែងទោសឬទេ នៅពេលសាលាឧទ្ធរណ៍ បើកសវនាការនៅពេលខាងមុខនេះ លោកសុខ ឥសានបាន បញ្ជាក់ថា៖ «ខ្ញុំយល់ថា លោកកឹម សុខាមិនទាន់ក្លាយជាទណ្ឌិត ឬអ្នកទោសនោះទេព្រោះ តុលាការមិនវិនិច្ឆ័យ ឬកាត់ក្តីឲ្យជាប់គុក ប៉ុន្មានឆ្នាំឯណា? អីចឹងគាត់មិនមែនទណ្ឌិតនោះទេ ហើយការលើកលែងទោស ត្រូវទូលថ្វាយទៅព្រះមហាក្សត្រ ដើម្បីលើកលែង ឬបន្ធូរបន្ថយ មានករណីទណ្ឌិតនោះទេ ។ ដូច្នេះមនុស្សមិនទាន់ មានទោសផងយើងលើក លែងទោសយ៉ាងម៉េចកើត»។ លោកបន្ថែមថា ករណីលោកកឹម សុខា កំពុងស្ថិតក្នុងដៃតុលាការ ធ្វើតាមនីតិវិធីនៅឡើយ ដូច្នេះយើង មិនអាចសន្និដ្ឋានបានមុននោះទេ ។ យើងរង់ចាំមើលលទ្ធផលរ បស់តុលាការ ក្នុងការអនុវត្តន៍នីតិវិធី សួរឆ្លើយនោះ យើងនឹងដឹងហើយ។ ចំណែកលោកស្រី ម៉េង សុភារី មេធាវីការពាក្តីឲ្យលោក កឹម សុខា ក៏បានចូលរួមពិធីបុណ្យសពម្តាយក្មេក សម្តេចតេចជោ ហ៊ុន សែនជាមួយលោកកឹម សុខាដែរ។ ពេលនោះលោកស្រី បានអង្គុយឆ្ងាយពីកន្លែង ជំនួបរវាងសម្តេច តេជោ និងលោកកឹម សុខា ដោយជាហេតុ មិនអាចស្តាប់ឮការជជែកពិភាក្សាគ្នា រវាងសម្តេច តេជោ និងលោកកឹម សុខានោះទេ ព្រមទាំងមានសំឡេងមេក្រូទៀតផង។ យ៉ាងណាក្តីលោកស្រី មេធាវីក៏បញ្ជាក់ថា៖ «ដូចអ្វីដែលខ្ញុំធ្លាប់ប្រាប់ អ្នកសារព័ត៌មានផ្សេងៗអីចឹងដែរ គឺឺនៅក្នុងអំឡុងពេលនេះ ដោយសារមានសំឡេងបុណ្យផង ហើយខ្ញុំអង្គុយរាងឆ្ងាយ គឺខ្ញុំមិនអាចស្តាប់ឮ រវាងការសន្ទនារវាងសម្តេច តេជោ និងលោកកឹម សុខាទេ ប៉ុន្តែអ្វីដែលខ្ញុំដឹងពីគោលបំណង លោកកឹម សុខាទៅគឺ ដើម្បីគោរពវិញ្ញាណក្ខន្ធសព ឧបាសិកាដែលជាម្តាយក្មេក របស់សម្តេចតេជោ ហើយក៏ដូចជាចូលរួមរំលែកនូវមរណទុ ក្ខ ក្រុមគ្រួសាររបស់សម្តេចផង និងការសួរសុខទុក្ខផង»។ ទោះបីជាសួនាំពាក់ព័ន្ធថា លោកទាំងពីរមានជជែកគ្នា រឿងបញ្ហានយោបាយឬទេ? អ្នកស្រី មេធាវីបានអះអាងអ្នកស្រី មិនអាចសន្និដ្ឋានបាននោះទេ ព្រោះអ្នកស្រីស្តាប់មិនឮ ប៉ុន្តែក្នុងនាមជាមេធាវី អ្នកស្រីស្វាគមន៍ ចំពោះជំនួបរវាងសម្តេច តេជោ និងលោកកឹម សុខា នាពេលកន្លងមក ក៏ដូចជាពេលអនាគតផងដែរ។ សូមរំលឹកថា នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅ លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្រ្គោះជាតិ បានដឹកនាំសមាជិក របស់លោកមួយចំនួន ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧ បាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាមាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅភូមិគ្រឹះសម្តេចតេជោ។ ក្រោយពីគោរពវិញ្ញណក្ខន្ធរួចហើយ សម្តេច តេជោ និងលោកកឹម សុខាបានជួបសន្ទនាគ្នា អស់រយៈពេលប្រមាណ៥០នាទី ប៉ុន្តែជំនួបនោះ មិនត្រូវបានគេដឹងថា ជជែកអំពីអ្វីខ្លះនោះទេ៕ដោយ៖ ស សំណាង

Saturday, May 9, 2020

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូនសម្ភារសិក្សា និងថវិកាដល់ក្មួយៗសិស្សានុសិស្ស ដែលមកជួបជុំនៅវត្តអម្ពរវ័ន្ត

ភ្នំពេញ៖ ក្នុងឱកាសរៀបចំចង្ហាន់ ប្រគេនព្រះតេជគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ គង់នៅវត្តអម្ពរវ័ន្ត ហៅវត្តស្វាយដំណាក់ នាឱកាសបុណ្យគម្រប់៧ថ្ងៃ របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី លោកស្រីពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្រុមការងារ បានចែកអំណោយជាសម្ភារៈសិក្សា ជូនដល់ក្មួយៗសិស្សានុសិស្សចំនួន៧៥០នាក់ នៅវិទ្យាល័យអម្ពវ័ន ជំនីក ដោយក្នុងសិស្សម្នាក់ៗ ទទួលបានកាតាប១ សម្លៀកបំពាក់ សិស្ស ១កំប្លេ ស្បែកជើង ១គូរ ក្តាឈ្នួន១ ប៊ិច១ សៀវភៅ១ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២០ ។ លោកស្រី ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា ការធ្វើសកម្មភាពមនុស្សធម៌នេះ ដោយឃើញក្មួយៗ សិស្សានុសិស្សជាច្រើន នៅវិទ្យាល័យអម្ពវ័ន ជំនីក មកជួបជុំគ្នា លោកស្រី ក៏បានឲ្យក្រុមការងារ រៀបចំសំភារៈសិក្សាចែកដល់ក្មួយៗ សម្រាប់ការផ្គត់ផ្គង់ ក្នុងការសិក្សា ។ ហើយសកម្មភាព មនុស្សធម៌នេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងបុព្វការីជន ដែលបានធ្វើមរណកាលទៅ ។ លោកស្រីបន្តបានថា កាលអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នៅមានព្រះជន្ម លោកតែងតែមានទឹកចិត្តសទ្ធាជ្រះថ្លាធ្វើបុណ្យទានទ្រទ្រង់ក្នុងវិស័យសាសនា និងសកម្មភាពមនុស្សធម៌ជាច្រើនក្នុងនោះ គឺមានមូលនិធិអណ្ដូងទឹកស្អាតជាដើម ។ សូមបញ្ជាក់ថា ក្រៅពីសកម្មភាព មនុស្សធម៌នេះ លោកហ៊ុន ម៉ាណែត ដែលជាបុត្រប្រុសច្បង របស់សម្ដេចតេជោហ៊ុន សែន ក៏បានសាងព្រះផ្នួស ជាបុព្វជិតដោយសទ្ធាជ្រះថ្លាបំផុត នៅក្នុងវិស័យសាសនា ដោយមានការគោរពប្រតិបត្តិ ពីសំណាក់ប្រជាពលរដ្ឋជាច្រើន និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាដិកាធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី និងបុព្វការីជន ដែលបានធ្វើមរណកាលទៅផងដែរ ៕

CDC ចុះបញ្ជីឲ្យរោងចក្រ កាត់ដេរសម្លៀកបំពាក់ មួយវិនិយោគក្រោម ទុនជាង១៤លានដុល្លារអាមេរិក និងបង្កើតការងារ ជិត៦០០កន្លែង

ភ្នំពេញ៖ តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់របស់ក្រុមហ៊ុន HONG FENG KNITTING CO., LTD. គណៈកម្មាធិការវិនិយោគ...