Monday, May 11, 2020

ទូតអាល្លឺម៉ង់ ចាត់ទុកជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក កឹម សុខា គឺជារឿងវិជ្ជមាន

ភ្នំពេញ៖ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជា បានបង្ហាញនូវជំនឿថា ជំនួបរវាងឥស្សរជនខ្មែរ ពីររូប គឺរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិង លោកកឹម សុខា អតីតមេបក្សប្រឆាំងនៅថ្ងៃទី៥ ខែឧសភា គឺជារឿងវិជ្ជមាន។ យោងតាម គេហទំព័រហ្វេសប៊ុក របស់លោក មុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា បានឲ្យដឹងថាក្នុងជំនួប ជាមួយលោក លោក កឹមសុខា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសាទរចំពោះជំនួប រវាងឥស្សរជនខ្មែរទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោក កឹម សុខា នៅថ្ងៃទី៥ ខែឧសភា។ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវការគាំទ្រ ចំពោះការជួបនេះ ដោយចាត់ទុកថាជារឿងវិជ្ជមាន។ ក្នុងជំនួបនេះ លោក កឹម សុខា និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នា អំពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងស្ថានភាពកូវីដ-១៩ និងអំពីស្ថានភាពអនាគតទៀត។ សូមរំលឹកថា កាលពីរសៀលថ្ងៃទ៥ ខែឧសភា ឆ្នាំ២០២០លោក កឹម សុខា និងសហការី បានចូលរួមគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាមាតាបង្កើត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅគេហដ្ឋាន សម្តេចតេជោក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ៕

No comments:

Post a Comment

CDC ចុះបញ្ជីឲ្យរោងចក្រ កាត់ដេរសម្លៀកបំពាក់ មួយវិនិយោគក្រោម ទុនជាង១៤លានដុល្លារអាមេរិក និងបង្កើតការងារ ជិត៦០០កន្លែង

ភ្នំពេញ៖ តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់របស់ក្រុមហ៊ុន HONG FENG KNITTING CO., LTD. គណៈកម្មាធិការវិនិយោគ...